គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនអ៊ីនធើរ មហោសថ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

កាលបរិច្ឆេទ: ០៩ មេសា ២០២៦ / សុខភាព / Author : ATH Sokren

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនអ៊ីនធើរ មហោសថ (Inter Mohosot Co., Ltd) បានឈានមួយជំហានទៀតក្នុងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការចែកចាយផ្តាច់មុខនៃផលិតផលឱសថរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមចំនួនប្រាំបួនមុខសម្រាប់រយៈពេលបីឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង អគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងលោកកយ បូរី អគ្គនាយកក្រុមហ៊ុនអ៊ីនធើរ មហោសថ។

ផលិតផលទាំងប្រាំបួនមុខនោះរួមមាន ថ្នាំ Amitriptyline Hydrochloride 25 mg ថ្នាំ Amlodipine Besylate ឬហៅម្យ៉ាងទៀតថា Amlodipine 5 mg ថ្នាំ Amlodipine Besylate ឬហៅម្យ៉ាងទៀតថា Amlodipine 10 mg ថ្នាំ Bromhexine HCL 8 mg  ថ្នាំ Domperidone 10 mg ថ្នាំDomperidone 5 mg ថ្នាំ Prednisolone 5 mg ថ្នាំ Atorvastatin 10 mg និងថ្នាំ Ofloxacin 200 mg

សម្រាប់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង អនុស្សរណៈនៃការយោគយល់គ្នានេះ «គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ»។ លោកបានពន្យល់ថា ជំហានទីពីរនឹងមានការពង្រឹងវត្តមានផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅលើទីផ្សារជាតិ ជាពិសេសតាមរយៈការខិតខំប្រឹងប្រែងចែកចាយកាន់តែច្រើន និងយុទ្ធនាការយល់ដឹងដែលផ្តោតលើអ្នកជំនាញផ្នែកសុខភាព។

ចំណែក​លោកកយ បូរី បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ក្រុមហ៊ុនអ៊ិនធើរ មហោសថ ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមយ៉ាង​សកម្ម។ បើតាមប្រសាសន៍របស់​លោក សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនអ៊ិនធើរ មហោសថ ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ដៃគូពាណិជ្ជកម្ម​ពិត​ប្រាកដ មិន​មែន​គ្រាន់​តែ​ជា​​អ្នក​ផលិត និងអ្នក​ទិញ​នោះ​ទេ។

អគ្គនាយកក្រុមហ៊ុនអ៊ីនធើរ មហោសថ មានប្រសាសន៍យ៉ាងដូច្នេះ៖ «យើងចង់កសាងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹម។ ខ្ញុំសង្ឃឹមថាជាមួយនឹងភាពជាដៃគូនេះ យើងអាចជំនួសផលិតផលទាំងនេះបន្តិចម្តងៗសម្រាប់ថ្នាំដែលនាំចូល»៕